នៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ៖
ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ នៅសាលាខេត្តត្បូងឃ្មុំ ជាមួយមន្ត្រីពាក់ព័ន្ធ និងចុះពិនិត្យផ្ទាល់ការសាងសង់អគារនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់មន្ទីរ និងរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់ពិនិត្យឱ្យបានហ្មត់ចត់ រាល់ការសាងសង់សំណង់នានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមន្ត្រីជំនាញពិនិត្យឃើញថា មានសំណង់ណាមួយដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ត្រូវធ្វើការហាមឃាត់ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
បន្ថែមពីនេះទៀត ឯកឧត្តម ស្នើឱ្យលោកអភិបាលស្រុកពញាក្រែក លោកប្រធានការិយាល័យភូមិបាលស្រុក ត្រូវធ្វើការងារនេះឱ្យបានហ្មត់ចត់ និងមានរបាយការណ៍ជាក់លាក់ត្រឹមត្រូវ ក្នុងករណីដែលមានក្រុមការងារក្រសួង ឬក្រុមការងារថ្នាក់ជាតិ ចុះមកពិនិត្យជាក់ស្តែង ត្រូវមានរបាយការណ៍ នៃការគ្រប់គ្រងសំណង់នានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ថា បន្ទាប់ពីចប់កិច្ចប្រជុំនៅរដ្ឋបាលខេត្តរួចមក ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់ដល់ទីតាំងការដ្ឋានសាងសង់សំណង់មួយចំនួន នៅក្នុងភូមិសាស្ត្រស្រុកពញាក្រែក អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីររៀបចំដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលស្រុកពញាក្រែក និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត៕
អត្ថបទ និងរូបភាព ៖រដ្ឋបាលខេត្តត្បូងឃ្មុំ